Searching...
Friday, April 27, 2012

រឿង ក្អែកលោភលន់


កាលពីព្រេងនាយមានសត្វព្រាបមួយបានមកធ្វើសំបុក នៅក្បែរ ផ្ទះបាយសេដ្ឋីម្នាក់។ សេដ្ឋីឃើញព្រាបនោះ មានរូបឆោមល្អគួជាទី ស្រឡាញ់ គាត់ក៏តែងតែយកគ្រាប់ធញ្ញជាតិ និងអង្ករពីផ្ទះបាយ របស់គាត់
ទៅដាក់ឲ្យព្រាបស៊ីជាអាហាររៀងរាល់ថ្ងៃ ។ ថ្ងៃមួយ មានក្អែកមួយបានមករកចំណីអាហារ នៅក្បែរ សំបុកព្រាបនោះ ។ បន្ទាប់ពីបានឃើញសេដ្ឋី យកចំណីមកដាក់ឲ្យព្រាបស៊ី ក្អែកគិតក្នុងចិត្តថា បើ សិនជាវាចងមិត្ត ជាមួយនឹងព្រាប វាប្រាកដជាបានទទួលចំណីស៊ី ដូចព្រាបនោះជាមិនខាន ។ លុះ គិតឃើញដូច្នោះហើយ ក្អែកក៏ចូលទៅជួបនឹងព្រាប ហើយសុំគ្នាធ្វើជាមិត្ត ។ ព្រាបក៏យល់ព្រម។ រៀងរាល់ថ្ងៃ ព្រាបតែងតែចែករំលែកចំណី ដែលសេដ្ឋីផ្តល់ឲ្យវា ទៅឲ្យក្អែកស៊ីជាអាហារ ។ ប៉ុន្តែ ក្អែកមិនចូលចិត្តស៊ីចំណីទាំងនោះឡើយ ព្រោះវា ចូលចិត្តស៊ីតែត្រី និងសាច់តែប៉ុណ្ណោះ។ ដោយសារតែសេចក្តីលោភលន់ ក្អែកក៏បានលបចូល ទៅក្នុងផ្ទះបាយសេដ្ឋី ដើម្បីលួចយកត្រី និងសាច់មកធ្វើជាអាហារ ។ ប៉ុន្តែ នៅពេលដែលវា បានចូលទៅដល់ក្នុងផ្ទះបាយសេដ្ឋី ក្អែកបានធ្វើឲ្យវែកឆាមួយ ធ្លាក់ពីទំពក់នៅលើជញ្ចាំងមក បណ្តាលឲ្យផ្អើលមនុស្សនៅក្នុងផ្ទះ ។ រំពេចនោះ ភរិយារបស់លោកសេដ្ឋី ក៏ស្ទុះចូលទៅមើលនៅក្នុងផ្ទះបាយ បានឃើញក្អែកនៅទីនោះ គាត់ក៏បានស្រែកហៅប្តីនិងកូនៗរបស់គាត់ ឲ្យមកព័ទ្ធ វាយក្អែកនោះស្លាប់ទៅ ៕ 

លោភៈ ទោសៈ និង មោហៈ អាចនាំឲ្យអ្នក ធ្លាក់ក្នុងគ្រោះមហន្តរាយ 

(ដកស្រង់ចេញពីសៀវភៅ រឿងល្បើកនិងរឿងនិទាន ភាគទី២) 


0 comments:

Post a Comment

Total Pageviews

 
Back to top!