Searching...
Tuesday, April 24, 2012

រឿង បុរសខ្វាក់៦នាក់និងសត្វដំរី


កាលពីព្រេងនាយ មានបុរសខ្វាក់ប្រាំមួយនាក់រស់នៅក្នុង​ ខេត្តឥណ្ឌូស្ថាន នៃប្រទេសឥណ្ឌា ។ ថ្ងៃមួយ បុរសទាំង ប្រាំមួយនាក់បាននាំគ្នា ទៅចូលរួមនៅក្នុងពិធីបុណ្យបួងសួង ដល់ព្រះកាណេស (កូនព្រះវិស្ណុ ដែលមានក្បាលជាដំរី) ។ លុះទៅដល់ទី សួនសាធារណៈមួយ បុរសទាំងប្រាំមួយនាក់ បានជួបនឹងហ្មដំរីមួយរូប កំពុងបរដំរីទៅចូលរួម
ក្នុងពិធីព្យុះហយាត្រាសត្វដំរី។ ដោយហេតុមិនដែលបានស្គាល់សត្វដំរី បុរសទាំងប្រាំមួយក៏ ស្រែកសុំ ហ្មដំរីព្រមគ្នាថា៖ បងហ្មដំរី! មេត្តាឲ្យពួកខ្ញុំសុំមើលដំរីបងបន្តិច បានទេ?” ។​ 

ហ្មដំរីឮហើយក៏ឆ្លើយថា៖ “បាន!ក៏ប៉ុន្តែភ្នែកអ្នកទាំងអស់គ្នា ខ្វាក់អញ្ចឹង មើលម្តេចឃើញ?” ។ ឮដូច្នោះ បុរសខ្វាក់ទាំងប្រាំមួយនាក់ ក៏ឆ្លើយព្រមគ្នាថា៖  

មិនអីទេ ពួកខ្ញុំអាចយកដៃទៅស្ទាប សត្វដំរីនោះ ក៏អាចស្គាល់បានដែរ” 

 “បើអញ្ចឹង” ហ្មដំរីនិយាយបន្ត សូមអ្នកទាំងអស់គ្នាចូលមកមើលចុះ” ។ ពោលចប់ ហ្មដំរីក៏បរដំរីមកឈរក្បែរ បុរសខ្វាក់ទាំងប្រាំមួយនាក់ ។ បុរសទីមួយដែលចូលមកស្ទាបប៉ះ ត្រង់ប្រមោយដំរី បានលាន់មាត់ថា៖
 “អៃយ៉ា! សត្វដំរីមានរាងដូចពស់ហ្ន!” ។ 
ឮដូច្នោះ បុរសទីពីរដែលស្ទាបប៉ះចំលើភ្លុកដំរី ក៏ឆ្លើយជំទាស់ថា៖ 
ទេ ៗ! សត្វដំរីមានរាងដូចលំពែងទេតើ”   
ឯបុរសទីបីដែលស្ទាបប៉ះត្រង់ស្លឹកត្រចៀកដំរី ក៏ឆ្លើយឡើងថា៖ 
អ្នកទាំងពីរខុសហើយ សត្វដំរីមានរាងដូចផ្លឹតទេ”   
បុរសទីបួនដែលស្ទាបប៉ះជើងដំរីនោះ ក៏និយាយ ថា៖ 
 “មិនមែនទេ! សត្វដំរីមានរាងដូចសសរផ្ទះទេតើ” 
​ បុរសទីប្រាំដែលស្ទាបប៉ះត្រង់ដងខ្លួនដំរី ក៏ឆ្លើយកាត់ថា៖
 “អ្នកទាំងអស់គ្នាស្ទាបមើល ឃើញខុសស្រឡះ សត្វដំរីមានរាងដូចជញ្ជាំងព្រះវិហារទេ” ។ ឯបុរសទីប្រាំមួយ ដែលបានស្ទាបប៉ះកន្ទុយដំរីនោះក៏និយាយថា៖ “អ្នកទាំងប្រាំនាក់សុទ្ធតែខុសទាំងអស់ សត្វដំរីមិនមែន មានរូបរាងដូចពស់ ដូចលំពែង ដូចផ្លឹត ដូចសសរផ្ទះ ឬក៏ដូចជញ្ជាំងព្រះវិហារ នោះទេ គឺវាមានរាងដូចអំបោស បេះបិត”  
ឃើញបុរសខ្វាក់ទាំងប្រាំមួយនាក់ ប្រកែកគ្នាយកឈ្នះតែរៀងខ្លួន ហ្មដំរីក៏បានប្រាប់ពួកគាត់ថា៖ អ្នកទាំងអស់គ្នា 
យល់ច្រឡំហើយ សត្វដំរីមិនមែនមានរូបរាងដូចជាពស់ លំពែង ផ្លឹត សសរផ្ទះ ជញ្ជាំងព្រះវិហារ ឬក៏អំបោសនោះទេ វាមានរាងខុសឆ្ងាយពីអ្វីដែលអ្នកទាំងអស់គ្នា បានយល់ឃើញនោះណាស់ ៕ 
"យើងមិនអាចមើលឃើញ ឬក៏យល់អ្វីៗគ្រប់ជ្រុងជ្រោយឡើយ ដូច្នេះ គប្បីរៀនប្រមូលគំនិតគ្រប់ជ្រុងជ្រោយ មកផ្គុំជារូបភាព អោយធំទូលាយឡើង"

0 comments:

Post a Comment

Total Pageviews

 
Back to top!